ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅអនុវិទ្យាល័យពោធិ៍រីង ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប

 

ព្រឹកថ្ងៃពុធ ០២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នងុភូមិពោធិ៍រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបមានកម្មពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អនុវិទ្យាល័យពោធិ៍រីង ក្រោមអធិបតីភាព លោកស្រីម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក រ៉ូឡែន ប្រែនលី ស្ថាបនិករបស់មូលនិធិ ឌ្រីមខាច់ឆ័រ លោក ម៉ាកថូម៉ាស់ ជេននី សហស្ថាបនិករបស់អង្គការសមាគមសម្រេចសុបិនកម្ពុជា ដោយមានការអញ្ញើញចូលរួមពីលោកស្រី អភិបាលរងស្រុកជីក្រែង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សទាំងអស់។

 

លោក ស្រីអភិបាលរងខេត្តបានថ្លែងថា​ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិដោយ កុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។ ជាការឆ្លើយតបទៅនឹងតម្រូវការនេះ ចំពោះវិស័យអប់រំក្នុងខេត្តយើងខ្ញុំ គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ដល់កុមារ ក្នុងគ្រួសារក្រីក្រ និងបណ្តុះបណ្តាលសមត្ថភាពដល់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដែលជាធនធានមនុស្សស្របតាមគោលនយោបាយ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យអប់រំ នៅក្នុងខេត្តកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការបង្កើនល្បឿនក្នុងការសម្រេចនូវគោលដៅអប់រំជាតិ និងឈានទៅសម្រេចនូវគោលដៅសហវត្សរ៍ទាំង ៩ចំណុច នាពេលអនាគតថែមទៀត។

 

លោកស្រីអភិបាលរងក៏បានថ្លែងអំណរអរគុណ និងកោតសរសើរ ចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាលនេះគឺអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យពោធិ៍រីង ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តរបស់យើងខ្ញុំ។ ទឹកចិត្តទាំងនេះនឹងធ្វើឱ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្ត ព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះជាប់ជានិច្ច។

kam

Leave a Reply

Your email address will not be published.