ខេត្តស្វាយរៀង ៖ កន្លងមកនេះ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លោក ឆូយ យ៉ន មេឃុំញរ ជាថ្នាក់ដឹកនាំគំរូម្នាក់ដែលបានរៀបចំភូមិគំរូបានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងខេត្តស្វាយរៀង គឺភូមិស្វាយអាណាតទទួលបានប័ណ្ណសរសើរ លិខិតសរសើរ និងប័ណ្ណជ័យលាភី ជាច្រើនគួរអោយកោតសរសើរ ។ ក្នុងការរៀបចំភូមិគំរូនេះ លោកមេឃុំបានរៀបចំមាន៥ផ្នែក មានដូចជា ផ្នែកសេដ្ឋកិច្ច ,ផ្នែកសង្គមកិច្ច, ផ្នែកសុខភាពនិងបរិស្ថាន,ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកអភិបាលកិច្ចល្អជាដើម ។
លោកមេឃុំក៏បានយកចិត្តទុកដាក់ផងដែរក្នុងការជួសជុលកែលំអ និងកសាងហេដ្ឋានរចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរមានដូចជាបានចាក់សាបក្នុងបរិវេណសាលាឃុំបានចំនួន៥៣ម៉ែត្រការ៉េ និងបានចាក់ដីជុំវិញសាលាឃុំបានចំនួន៦៣០៥ម៉ែត្រការ៉េ។ ក្រៅពីនេះបានចាក់ផ្លូវបេតុងអាម៉េបាន២ខ្សែប្រវែង១៨៧៥ម៉ែត្រ ទទឹង៥ម៉ែត្រ,ធ្វើផ្លូវលំក្រាលថ្មបំបែកបាន៧ខ្សែប្រវែងសរុប១៦៥២៣ម៉ែត្រ ធ្វើបន្ទប់អនាម័យបាន១ខ្នងមាន២បន្ទប់ធ្វើពីថ្មប្រក់សង្ក័សីដោយសារការខិតខំប្រឹងប្រែងនិងមានស្នាដៃជាច្រើននេះហើយលោកមេឃុំក៏ទទួលបានប័ណ្ណសរសើរចំនួន១៨ប័ណ្ណ លិខិតសរសើរចំនួន១២ប័ណ្ណ,ប័ណ្ណជ័យលាភីចំនួន១។
លោកមេឃុំក៏បានឲ្យដឹងផងដែរថា ប័ណ្ណសរសើរទាំងអស់នេះលោកទទួលបានពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង។ ប័ណ្ណសរសើរ និងលិខិតសរសើរទទួលបានជារៀងរាល់ឆ្នាំក្នុងនោះដែរ ភូមិ,ឃុំមានសុវត្ថិភាពក៏ទទួលបានពីសម្តេច សង្គហបណ្ឌិត ម៉ែន សំអន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង។