ព័ត៌មានជាតិ

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកជំទាវ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ១​ខ្សែ ប្រវែង ៦,៥៧០​គីឡួម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​បេង ទៅ​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកជំទាវ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ១​ខ្សែ ប្រវែង ៦,៥៧០​គីឡួម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​បេង ទៅ​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ខ្សែ​ផ្លូវ​នេះ ស្ថិតក្នុង​ក្របខ័ណ្ឌ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈ​បរិស្ថាន ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​, ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​អាកាសធាតុ​បៃតង នៅក្នុង​បរិវេណ​វត្ត​គី​រីវ័ន្ដ​ស្ពាន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ដ្រី និង​ប្រតិភូ បាន​ដឹកនាំ​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​ស្ថានភាព​ភាព​ផ្លូវ​ចំនួន ២​ខ្សែ គឺ​ខ្សែ​ទី​១ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​ផ្នែក​ខ្លះ​ក្រាល​បេតុង មាន​ប្រវែង​សរុប ១១,២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ពញាក្រែក ទៅ​ដល់​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់ ដែល​សម្រេច​លទ្ធផល​បាន ៥៨,៣២% ហើយ​នឹង​បញ្ចប់ នៅ​ចុងឆ្នាំ​២០២៤​។ ខ្សែ​ទី​២ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) និង​ផ្នែក​ខ្លះ​ក្រាល​បេតុង មាន​ប្រវែង​សរុប ១៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ជី​ពាំង ឃុំ​ជី​ពាំ​ង ស្រុក​ពញាក្រែក ទៅ​ដល់​ភូមិ​ក្រសាំង ឃុំ​ទឹក​ជ្រៅ ស្រុក​ដំបែរ ដែល​បាន​ស្ថាបនា​ចប់​ជា​ស្ថាពរ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ និង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ពង្រឹង​សមត្ថភាព​ផលិតភាព​ជនបទ ដោយ​ប្រើប្រាស់​មូលនិធិ​កិច្ចប្រតិបត្តិការ​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។​

​ត​មក​ទៀត ឯកឧត្តម​រដ្ឋមន្ដ្រី បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការអភិវឌ្ឍ​ដី​សម្បទាន​សង្គមកិច្ច​អតីតយុទ្ធជន នៅតាម​ព្រំដែន ស្ថិតក្នុង​ឃុំ​ទ្រៀក ស្រុក​មេមត់​។ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ណែនាំ​ឱ្យ​មន្ដ្រី​បច្ចេក​ក្រសួង សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត សាងសង់​អណ្ដូងស្នប់ ចំនួន ១៥​អណ្ដូង និង សាងសង់​បង្គន់​អនាម័យ ចំនួន ១០៦​បង្គន់ ជូន​គ្រួសារ​អតីតយុទ្ធជន ដែល​រស់នៅ​តំបន់​នោះ​ផង​ដែរ​។​

 

 

kam

Leave a Reply

Your email address will not be published.