ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ​ សំអ៊ាង​ អញ្ជេីញចុះពិនិត្យផ្សារសាមគ្គីក្រុងស្ទឹងត្រែង ដើម្បីរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងការលក់ដូររបស់ បងប្អូនអាជីវករ 

 

នារសៀលថ្ងៃព្រហស្បតិ៍​ ៣កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២​៨​ ខែតុលា ឆ្នាំ២០២២​ នេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ និងការលក់ដូររបស់បងប្អូន អាជីវករ នៅផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជីវករ ក្នុងការប្រកបអាជីវកម្មប្រកបដោយរបៀបរៀបរយ មានសោភ័ណភាពល្អ ។

 

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់មន្ត្រីជំនាញទាំងអស់ អោយពិនិត្យមើលទីតាំង និងការលក់ដូររបស់អាជីវករ ដូចជាបន្លែ ត្រី សាច់ ជាដើម ដើម្បីរៀបចំ សណ្ដាប់ធ្នាប់អនាម័យ អោយរបៀបរៀប រយ សោភ័ណភាពទាក់ទាញ ជៀសវាងការលក់ដូរលើទីសាធារណៈ គ្នានសណ្ដាប់ធ្នាប់។

 

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ ត្រូវរក្សាអនាម័យ ទុកដាក់សម្រាមឱ្យបានល្អ ពាក់ម៉ាស់ និងឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុលពេលកំពុងលក់ដូរ និងមិនត្រូវរំលោភចំណីផ្លូវធ្វើជាកន្លែងលក់ដូរបន្តទៀតឡើយ ។

 

ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

kam

Leave a Reply

Your email address will not be published.