នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលស្រុកកំពង់សៀម ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត អធិការ មេបញ្ជាការ កងកម្លាំង ទាំង៣ លោកមេឃុំ លោក លោកស្រី ប្រធានការិយាល័យ ចំណុះ សាលាស្រុកកំពង់សៀម ។
ក្នុងឱកាសនោះដែរ លោកជំទាវបានផ្ដាំផ្ញើដល់ លោក លោកស្រី ដែល ត្រូវបានតែងតាំងជាអភិបាលរង និងនាយករដ្ឋបាល ស្រុក នាពេលនេះគឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ សាមគ្គីភាពល្អក្នុងអង្គភាព ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អភិបាលបាលខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវរួបរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕