ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ​ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាសំក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២​ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ គ្រួសាកងទ័ព នគរបាល កងរាជអាវុធហត្ថ និងយោធិនចូលនិវត្តន៍ប្រមាណជាង ០៣ ពាន់នាក់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

កម្មវិធីនេះ ក៏មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ផៃ ប៊ុន ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំខេត្ត យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ស្រុកសៀមប៉ាង ជាច្រើនរូប។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដែលសកម្មភាពមនុស្សធម៌នេះ បានជួយសម្រាលដល់ការចំណាយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តម ផៃ ប៊ុនឈឿន បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

kam

Leave a Reply

Your email address will not be published.