នៅរសៀលថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងចំនួន ៣ឃុំ ស្មើនឹង ២០៦គ្រួសារ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន ស.ស.យ.ក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ពិធីនេះបានប្រព្រឹត្តិនៅ ក្បែរវត្តភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។
សូមបញ្ជាក់ផងដែរ÷ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ២០៦គ្រួសារ ក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕