កោះកុង ៖ តាមរយៈសាររបស់រាជរដ្ឋាភិបាល-កម្ពុជា លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថាថ្ងៃនេះជាថ្ងៃដំបូងសំរាប់ការសិក្សាថ្មី របស់ក្មួយៗ ហើយក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា-នីតិកាលទី៧នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការ ពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។
នៅក្នុងពិធីបើកបវេសនកាលនេះដែរ លោកក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានថ្លែងបញ្ជាក់ថាលោកនឹងខិតខំអនុវត្តតាមគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើក កំពស់សន្តិសុខសុវត្ថិភាព សង្គម ព្រមទាំងលើស្ទួយការអភិវឌ្ឍលើគ្រប់វិស័យក្នុងស្រុក ។