ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរជាមួយដោយ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណអភិបាលក្រុង ស្រុក អង្គការដៃគូរអភិវឌ្ឍន៍ មេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សរុបចំនួន ៧៨នាក់ ស្រី ៧នាក់។
របៀបវារៈមានដូចខាងក្រោម៖
១-សុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៣ របស់មន្ទីរ ដោយលោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ
២-អានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសបិទសន្និបាតនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ
៣-មតិស្វាគមន៍ និងសំណេះសំណាលពីសំណាក់ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត។
៤-មតិផ្តាំផ្ញើ និងបិទអង្គប្រជុំដោយ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ៕