ខេត្តតាកែវ ៖ បើតាមលោក ខឹម ហុល មេឃុំស្លាក្នុងស្រុកសំរោងខេត្តតាកែវបានអោយដឹងថា ឃុំស្លាគឺជាឃុំមួយមានអំណោយផលសក្តានុពលធនធានធម្មជាតិ បង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករប្រកបអាជីវកម្មលើវិស័យកម្មនៅក្នុងមូលដ្ឋានបានដោយងាយស្រួលមានដូចជាបឹងបទរកានិងទំនប់ទឹកសែនព្រះរាមជាដើម។
-កន្លងមកនេះយើងក៏ពិនិត្យឃើញពីការយកចិត្តទុកដាក់របស់លោកមេឃុំផងដែរ ក្នុងការខិតខំប្រឹងប្រែងធ្វើប្រព័ន្ធប្រឡាយទឹក ដែលមានស្ថានីយ៍បូមទឹកចំនួន៣កន្លែងសំរាប់បំរើបអោយវិស័យកសិកម្ម ក្នុងនោះដែរប្រឡាយមេមានចំនួន៣កន្លែងគឺប្រឡាយមេទី១ គឺចាប់ពីទំនប់សែនព្រះរាមភូមិកញ្ចាងមកទល់នឹងភូមិបឹងកន្ទ្រន់ប្រវែង៥២០០ម៉ែត្រ។ ប្រឡាយមេទី២ ចាប់ពីភូមិស្រីប្រសើមកទល់នឹងភូមិកន្ទ្រង់ព្រេចប្រវែង៤២០០ម៉ែត្រប្រឡាយមេទី៣ ចាប់ពីភូមិត្រពាំងត្រាវ មកទល់នឹងភូមិអង្គចង្អេប្រវែង៣០០ម៉ែត្រ។ ទាំងអស់នេះជាស្ថានីយ៍បូមទឹកសំរាប់អន្តរាគមន៍គ្រោះរាំងស្ងួត ។
-ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅក្នុងមូលដ្ឋានសំរាប់ឆ្នាំ២០២៣ ក្នុងឃុំបានធ្វើផ្លូវបេតុងអាម៉េបាន១ខ្សែប្រវែង៨៤៣ម៉ែត្រ ឆ្លងកាត់ភូមិចំនួន២។ ធ្វើផ្លូវក្រាលគ្រួសធម្មជាតិ បាន១ខ្សែនៅភូមិអំពិលនិងភូមិពោធិប្រវែងសរុប៥៥០ម៉ែត្រ ជាថវិកាមូលនិធិឃុំ ។សំរាប់ឆ្នាំ២០២៤ វិញ ឃុំមានគំរោងបន្តធ្វើផ្លូវបេតុងអាម៉េចាស់ឆ្នាំ២០២២ នៅភូមិអារោង បានសិក្សានិងផ្សព្វផ្សាយរួចហើយ នៅតែដេញថ្លៃគំរោងតែប៉ុណ្ណោះ។
ការងារដែលសំខាន់មួយទៀតនោះ លោកមេឃុំមានឧត្តមគតិខ្ពស់ បានបង្កើតគណកម្មការទទួលពាក្យបណ្តឹង ដោះស្រាយនូវរាល់ទំនាស់វិវាទផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានដើម្បីជួយកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចុះឡើង។
-លោកមេឃុំក៏បានយកចិត្តទុកដាក់ផងដែរទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានដោយបានរៀបចំកម្លាំងប្រជាការពារប្រមាណជា៦៥នាក់ក្នុងនោះស្ត្រី១នាក់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាក់សំរាប់ជួយឧបត្ថម្ភដល់កម្លាំងប្រជាការពារក្នុង១ឆ្នាំ៤លានរៀល ស្មើនឹង(១០០០ដុល្លា) ៕