ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹឹកនាំជញ្ជូនខេត្តកំពង់ឆ្នាំ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សានៃវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូនចំនួន០៦នាក់ ស្ត្រី០២នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេល១ខែនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ និងលោកស្រី ប្រធានការិយាល័យជំនាញទាំង៩ផងដែរ ។
នាក្នុងឧកាសនោះដែរ លោកប្រធានមន្ទីរ បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើ ដល់និស្សិតចុះកម្មសិក្សាទាំងអស់អោយខិតខំប្រឹងប្រែងសិក្សាក្រេបយកចំណេះដឹងដើម្បីទទួលបានជោគជ័យនិងអាចយកជំនាញរបស់ខ្លួនទៅបម្រើការងារ ជូនសង្គមជាតិ ទៅថ្ងៃអនាគត និងបានឧបត្ថម្ភជាថវិកាក្នុងម្នាក់ៗទទួលបានចំនួន២០០,០០០រៀល សរុុបថវិការចំនួន១,២០០,០០០រៀល ។
បន្ទាប់មកទៀត និស្សិតទាំងអស់បានគោរពថ្លែងនូវអំណរគុណ ដល់លោកប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបានអនុញ្ញាត និងទទួលប្រកបដោយយកចិត្តទុកនិងជួយសម្រួលដល់កិច្ចការស្រាវជ្រាវផ្សេងៗ ហើយជាពិសេសក្រុមនិស្សិតទាំងអស់បានថ្លែងនូវអំណរគុណនិងគោរពជូនពរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕